មនុស្សគ្រប់រូបតែងតែស្រមៃថានឹងមានខ្សែជីវិតមួយពោរពេញដោយភាពជោគជ័យ។ តែក្ដីប្រាថ្នានេះបានសម្រេចភាគតិចណាស់។ ហេតុផលទូទៅដោយសារតែពួកគេ មិនដឹងច្បាស់ពីអ្វីដែលខ្លួនត្រូវធ្វើ។ ពេលខ្លះបានឈ្វេងយល់ច្រើនពីភាពជោគជ័យ ទទួលនូវដំបូន្មានច្រើនដែរ តែបែរជាមិនដឹងថាគួរចាប់ផ្ដើមពីចំណុចណាមុនទៅវិញ។ខាងក្រោមនេះជាផែនទីដែលជីវិតរបស់អ្នកគួរដើរតាម៖
១. កំណត់គោលដៅៈ វាជាជំហានចាប់ផ្ដើមដ៏សំខាន់ដែលអ្នកចាំបាច់ត្រូវតែដឹង។ ពេលកំណត់គោលដៅហើយ នោះអ្នកនឹងដឹងច្បាស់ពីអ្វីដែលខ្លួនត្រូវធ្វើ។ ឧទាហរណ៍ថាអ្នកចង់ក្លាយជាវិស្វករនាពេលអនាគត នោះអ្នកនឹងដឹងច្បាស់ហើយថាគួរខំរៀនមុខវិជ្ជាអ្វីជាងគេ នៅវិទ្យាល័យ។
២. បង្កើតផែនការៈ ត្រូវរៀបចំផែនការឲ្យបានច្បាស់ចំពោះធនធានដែលខ្លួនមាន។ ដឹងច្បាស់ពីអ្វីដែលខ្លួនត្រូវធ្វើ ធ្វើបែបណា ធ្វើនៅពេលណាជាដើម។ ការរៀបចំផែនការបានច្បាស់នឹងជួយឲ្យការអនុវត្តន៍ការងាររលូននិងទាន់ពេលវេលា។
៣. ចេះគ្រប់គ្រងពេលវេលាៈ សូមបែងចែកឲ្យដាច់រវាងម៉ោងធ្វើការនិងពេលផ្ទាល់ខ្លួន។ ម្យ៉ាងទៀតត្រូវដឹងច្បាស់ថាអ្វីជាកិច្ចការអាទិភាព(បន្ទាន់ហើយសំខាន់ បន្ទាន់តែមិនសំខាន់ សំខាន់តែមិនបន្ទាន់ មិនសំខាន់និងមិនបន្ទាន់)។
៤. ទុកគោលដៅក្នុងខួរក្បាលរាល់ថ្ងៃៈ ដាក់វិន័យចំពោះខ្លួនឯងថា រៀងរាល់ថ្ងៃត្រូវធ្វើអ្វីមួយដែលមានប្រយោជន៍ចំពោះគោលដៅដែលបានកំណត់ ទោះជាកិច្ចការតូចតាចពុំសូវសំខាន់ក៏ដោយ។ការដាក់វិន័យចំពោះខ្លួនឯង វាអាចនឹងពិបាកពីដំបូង តែអ្នកនឹងទទួលបាននូវទម្លាប់ដ៏នាពេលអនាគត។
៥. រៀនពីអ្នកជោគជ័យៈ ត្រូវឈ្វេងយល់បន្ថែមពីឥរិយាបថនិងការអនុវត្តន៍របស់បុគ្គលជោគជ័យមុនៗក្នុងលោក។ ហើយយកចំណុចល្អៗមកអនុវត្តន៍ចំពោះជីវិតអ្នកឲ្យស្របទៅតាមស្ថានភាព។
៦. ពិនិត្យការអនុវត្តន៍ៈ ត្រូវតាមដានរាល់សកម្មភាពដែលខ្លួនបាននិងកំពុងតែធ្វើ ថាតើវាសមស្របទៅនឹងគោលដៅដែលបានកំណត់ដែលឬទេ? បំពេញរាល់ចំណុចខ្វះខាត់និងកែសម្រួលឲ្យបានប្រសើរឡើងវិញ។
៧. ថែសុខភាពៈ ក្នុងន័យនេះ ចង់សំដៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ដើម្បីឲ្យទទួលបាននូវសុខភាពល្អបុគ្គលគ្រប់រូបត្រូវគិតលើកត្តាសំខាន់៥គឺ ការហូបចុកឲ្យមានតុល្យភាព ហាត់ប្រាណឲ្យច្រើន គេងឲ្យបានគ្រប់គ្រាន់ ដើរកម្សាន្ត និងតុល្យភាពរវាងការបញ្ចូលនិងបញ្ចេញ។